ហេតុអ្វី​បានជា​តួអង្គ​ទេវរូប​ថែរក្សា​គេហដ្ឋាន​ខ្មែរ​ជា​ស្ត្រី​ជាតិ ?

​(ដក​ស្រង់​ពី​CEN)

ផ្នត់គំនិត​មនុស្ស​ខ្មែរ ក្រៅពី​ខ្លួន​របស់​គេ​ដែល​មាន​ជីវិត និង​ព្រលឹង វត្ថុ​ទាំងឡាយ​ដែល​នៅ​ជុំវិញ​ខ្លួន​របស់​គេ​ដែល​គេ​គិត​ថា មានតម្លៃ គឺ​គេ​គិតថា​មាន​ជីវិត​ដែរ ដែល​ទស្សនៈ​នេះ មាន​នៅ​លទ្ធិ​ព្រលឹង​និយម ។ ការ​រចនា​ផ្ទះ​ដែល​យើង​នៅ​កំណត់​បាន​ថា ជា​របស់​ខ្មែរ គឺ​សុទ្ធតែ​បង្កប់​នូវ​មនោគមន៍​អភិ​សុខ​ម​លោក ។ តួនាទី​អ្នក​ម្នាង​ផ្ទះ គឺជា​ធាតុ​មួយ​ធ្វើឲ្យ​ផ្ទះ​មាន​ព្រលឹង​មានជីវិត ពីព្រោះ​សក្ការៈ​ដែល​មាន​ជីវិត​តែងតែ​រក្សា​ជីវិត​ឲ្យ​គង់​ផង ថែរក្សា សម្បកខ្លួន​ផង (​ផ្ទះ​) ឲ្យ​គង់ និង​សុខដុមរម្យនា​ផង ។ ដូចនេះ​ហើយ​វត្ថុ​ស័ក្ក​សិទ្ធ​ដែល​នៅក្នុង​ផ្ទះ និង​រួម​ទាំង​ផ្ទះ​ផង ត្រូវបាន​បុព្វបុរស​ខ្មែរ​កំណត់ថា មានព្រលឹង​វិញ្ញាណ​ដែលជា​អ្នក​ការពារ​ផ្ទះ និង​ជួយ​មនុស្ស​ដែល​ជា​ម្ចាស់​ឲ្យបាន​សេចក្តីសុខ និង​ចម្រើន​ជឿនលឿន ។

រូបចម្លាក់​អ្នក​ម្នាង​ផ្ទះ​មួយ​កំណាត់​ខ្លួន​នេះ កសាង​នៅ​ស​.​ត​ទី​១២ សព្វ​ថ្ងៃ​ត្រូវ​បាន​រក្សាទុក​ក្នុង​សារមន្ទីរ​ជាតិ​ភ្នំពេញ​

រូបចម្លាក់ អ្នក ម្នាង ផ្ទះ មួយ កំណាត់ ខ្លួន នេះ កសាង នៅ ស . ត ទី ១២ សព្វ ថ្ងៃ ត្រូវ បាន រក្សាទុក ក្នុង សារមន្ទីរ ជាតិ ភ្នំពេញ

ហេតុអ្វី​បានជា​តួអង្គ​ទេវរូប​ថែរក្សា​គេហដ្ឋាន​ខ្មែរ​ជា​ស្ត្រី​ជាតិ ?

– ពាក្យ​ថា​ខ្មែរ ត្រូវបាន​បុព្វបុរស​ខ្មែរ​បកស្រាយ​នូវ​ខ្លឹមសារ​យ៉ាង​ក្បោះក្បាយ ។ លោក កេង វណ្ណ​ស័ក និង​លោក ឈឹម ក្រ​សេម ហាក់​យល់ស្រប​គ្នា​ថា សង្គម​ខ្មែរ​ក្នុង​សម័យ​បុព្វកាល គឺជា​សង្គម​មាតា​ធិបតេយ្យ គឺ​យក​ស្ត្រី​ជា​ធំ ។ អ្វីៗ​ដែល​ជា​គោរព​អ្វី​ដែល​ជា​ទីពឹង និង​អ្វីៗ​ដែល​ជា​ធំ​ខ្មែរ​ហៅ​ថា​មេ គឺ​សំដៅ​ទៅ​ស្ត្រីភេទ ដូច​ជា​មេដៃ មេជើង និង​មេដឹកនាំ​ជាដើម ។ នេះ​ជា​ការលើកតម្កើង​ស្ត្រី ដែលមាន​ជាប់​មក​រហូត​ដល់​សព្វ​ថ្ងៃ ដែល​ខ្មែរ​នៅ​ប្រើ​ដូចជា ម្តាយ ឪពុក ជីដូន ជីតា គឺ​សុទ្ធតែ​ដាក់​ស្ត្រី​មុន​ទាំងអស់ ទោះ​ក្នុង​ការធ្វើដំណើរ ស្ត្រី​ត្រូវ​ដើរ​មុន រឺ​ប្តី​ដើរ​តាម​ក្រោយ ។ ពាក្យ​ថា​ខ្មែរ គឺ​មកពី​ផ្សំ​អក្សរ​បញ្ចូល​គ្នា និង​ពាក្យ​មួយ គឺ​អក្សរ ក + មេ ។ ព្យញ្ជនៈ ក កាលណា​មុខ​ពាក្យ​ទាំងឡាយ គឺ​ធ្វើ​ពាក្យ​ទាំងនោះ​កាន់តែ​មាន​ន័យ​រន្ថើន​ឡើង ។ ពាក្យ​ថា ក មេ មានន័យ​ថា មេ​ដ៏​អស្ចារ្យ មេ​ដ៏​រុងរឿង ។ ការហៅ​ប្រទេស​នេះ​ឈ្មោះ ក មេ រហូត​ក្លាយ​ជា​ក្មេរ ទៅ​ជា​ខ្មែរ រឺ​ខ្មែរ​រហូត​ដល់​បច្ចុប្បន្ន​នេះ ។ ឧទាហរណ៍​បញ្ជាក់​ពី​ពាក្យ ដែល​មាន​អក្សរ ក ពីមុខ​ដូចជា : កូរ​ទឹក បើ​ថែម ក ពី​មុខ​វា​ទៅ ជាក​កូរទឹក ក​កាយ​ដី គឺ​មានន័យ​ស្ទួន ។

​ ​- ទាក់ទង​រវាង​ស្ត្រីជាតិ ដែលជា​អ្នក​ម្នាង​ផ្ទះ​ខ្មែរ​នោះ យើង​នៅ​មាន​អំណះអំណាង​ជាច្រើន​ទៀត ដែល​យើង​នឹង​បកស្រាយ​តាម​លំដាប់លំដោយ ដែល​មានន័យ​គ្រប់គ្រាន់​សម្រាប់​គេហដ្ឋាន​ខ្មែរ ដែល​ជនជាតិខ្មែរ​គួរតែ​ស្វែងយល់ និង​គួរ​ដឹង ។ តាម​ការស្រាវជ្រាវ របស់លោក ហ្សាក់ ណេ​ពត ដែល​ជា​ជនជាតិ​បារាំង បានបញ្ជាក់​ថា ” ផ្ទះ​គឺ​ជា​កម្មសិទ្ធិ​របស់​ស្ត្រី គឺ​ខុស​គ្នា​ពី​វត្ត ជា​កម្មសិទ្ធិ​រប​ស់បុរ​ស​ភេទ គ្រាន់​តែ​វត្ត​ហាមឃាត់​ផ្នែក​ភេទ​តែប៉ុណ្ណោះ ” ។

​ ​- ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្នក្តី​ ក្រោយពេល​រៀបការ​បុរស​ត្រូវ​ទៅ​នៅ​ផ្ទះ​ខាង​ស្រី បុរស​ត្រូវ​ដេក​នៅ​ខាងស្តាំ​ភរិយា​ខ្លួន គឺ​ក្នុងនាម​ជា​អ្នកបម្រើ រឺ​អ្នកកន្តៀត ។ នៅក្នុង​បន្ទប់​នោះ​បុរស​មាន​តួនាទី​គ្រាន់តែ​ដើម្បី​បង្កើត​កូន ។ បើ​ប្រសូត្រ​បាន​កូនប្រុស គឺ​គេ​ប្រដូច​កូន​នោះ​ទៅ​នឹង​ឪពុក បើ​គ្រួសារ​នោះ​លែងលះគ្នា គឺ​កូនប្រុស​បាន​ទៅ​ឪពុក កូនស្រី​បាន​មក​ម្តាយ ហើយ​ជា​ម្ចាស់ផ្ទះ​នេះ​ត​កូនចៅ​រាប់​តំណក៏មាន ។ មិនយូ​រប៉ុន្មាន​ទៅ​នេះ​នារី​ខ្មែរ ក្រោយពី​ពេល​ចេញ​ម្លប់​ឪពុកម្តាយ​នាង​តែង​នាំ​នាង​ទៅ​ចង្អុលបង្ហាញ​ដីស្រែ​ចំការ និង​ផ្ទះ​ដែល​ត្រូវ​ប្រគល់​ឲ្យ​នាង​ក្រោយពេល​រៀបការ ។ នៅ​ភូមិ​គ្រួស ឃុំ​គ្រួស ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង សព្វថ្ងៃ​នៅ​ប្រកាន់​យ៉ាង​ខ្ជាប់​នូវ​ទម្លាប់​នេះ គឺ​មុនពេល​រៀបការ​ភាគី​បុរស​ត្រូវ​សន្យា​ថា នឹង​សង់ផ្ទះ​ថ្មី​មួយ​ឲ្យ​កូនក្រមុំ​មួយ​មុន​សិន​ទើប​រៀបការ ហើយ​ផ្ទះ​នោះ​ដាច់ខាត​ជា​កម្មសិទ្ធិ​របស់​ស្ត្រី​នោះ ទោះបី​បែកបាក់​គ្នា​ក៏​ដោយ​ភាគី​បុរស​ពុំ​អាច​យក​វិញ​បាន​ដែរ ។

​ ​- ស្ត្រី​ខ្មែរ​ដែល​ទទួល​មរតក​គេហដ្ឋាន​នោះ​ខ្មែរ​ហៅថា “​មេ​ខ្លូត​” គឺ​ស្ត្រី​ដ៏​ឧត្តុង្គឧត្តម ប្រកប​ដោយ​ឥស្សរៈភាព​ក្នុង​គេហដ្ឋាន​នោះ ។ ខ្មែរ​នៅ​ប្រើពាក្យ​ថា ខ្លូត ចំពោះតែ​ត្រសក់ ត្រឡាច ដែល​ត្រ​លុក​ត្រល​ន់​ល្អ​គួរ​ឲ្យ​ស្រលាញ់​ពេញចិត្ត​គ្រប់គ្នា ។ នៅក្នុង​គេហដ្ឋាន​ខ្មែរ​នីមួយៗ ពិសេស​នៅតាម​ជនបទ គឺ​ល្វែង​ខ្លះ​នៃ​ផ្ទះ​គឺ​ហាក់ដូចជា​មាន​បំរាម​យ៉ាង​រឹង និង​អាថ៌កំបាំង​នោះ គឺ​ល្វែង​ដែល​ជា​កម្មសិទ្ធិ​របស់​ស្ត្រីភេទ ។ ម្យ៉ាងទៀត​សាច់ញាតិ​ខាង​មនុស្សស្រី គឺ​ហាក់​មាន​អាទិភាព​ជាង​ខាង​ប្តី ។

​ ​សរុបសេចក្តី​មក​អាទិភាព​នៃ​ការថែរក្សា និង​បង្កើត​សេចក្តី​សុភមង្គល ក្នុង​គេហដ្ឋាន​ខ្មែរ គឺជា​ស្ត្រីជាតិ​ដែល​យើង​ហៅថា អ្នក​ម្នាង​ផ្ទះ ។ ពាក្យ​ថា​អ្នក​ម្នាង​ផ្ទះ​គឺ​សំដៅលើ​ស្ត្រីភេទ ក្នុង​ត្រកូល​ឧត្តម រឺ​ស្តេច ។ ការ​ហៅថា ជី​នាង​ផ្ទះ រឺ​ជំនាងផ្ទះ គឺ​ពុំ​មាន​ន័យ​អ្វី​ទេ រឺ​បែរជា​មាន​ន័យ​ផ្សេង​ទៅវិញ ។ ទោះ​ក្នុង​សង្គមមនុស្ស​យើង​ក្តី បើ​ហៅ​ឈ្មោះ រឺ​សរសេ​រឈ្មោះ​របស់​គេ​ខុស​ហើយ គឺ​ត្រូវ​ផ្ញើ​ទៅឲ្យ​ម្ចាស់​ឈ្មោះ​នោះ​គេ​ឃើញថា ខុស​ឈ្មោះ​គេ គេ​ប្រកាន់​ណាស់​ដោយ​គេ​យល់ថា រាប់អាន​ម្តេច​កើត សូម្បី​ឈ្មោះ​គេ​ពុំ​ស្គាល់​ផង​នោះ ៕

By kagna Posted in Home

18 comments on “ហេតុអ្វី​បានជា​តួអង្គ​ទេវរូប​ថែរក្សា​គេហដ្ឋាន​ខ្មែរ​ជា​ស្ត្រី​ជាតិ ?

  1. អរុណសួស្តី កញ្ញា!

    សុខសប្បាយទេ ចុងសប្តាហ៍នេះហោះហើរដល់ណាខ្លះ😉 ខ្ញុំមកយករបស់ខ្ញុំវិញ ហើយអរគុណដែលបានមើលថែយ៉ាងល្អ😉 អត្ថបទនេះល្អណាស់ តែដូចជាលម្អៀង បន្តិចហើយ វាហាក់ដូចជាវាចាកឆ្ងាយបន្តិចហើយពីច្បាប់នាពេលបច្ចុប្បន្ន ដែលគេឲ្យ តម្លៃមនុស្សមានសិទ្ធិស្មើគ្នាមិនថាស្រី រឺប្រុស។

    ឃ្លាមួយដែលនិយាយថា “ក្រោយពេលរៀបការបុរសត្រូវទៅនៅផ្ទះខាងស្រី បុរសត្រូវ ដេកនៅខាងស្តាំភរិយាខ្លួន គឺក្នុងនាមជាអ្នកបម្រើ រឺអ្នកកន្តៀត។ នៅក្នុងបន្ទប់នោះ បុរសមានតួនាទីគ្រាន់តែរួមភេទ និងបង្កើតកូន” ពេលអានរួច ខ្ញុំព្រឺតសម្បុរអស់អាយីង ហើយលែងនឹកនាចប់បាន “ព្រះពន្ធ” ទៀតហើយ គឺខ្ញុំចប់បានត្រឹមតែ “ប្រពន្ធ” ធម្មតារបាន ហើយសង់ខ្ទមមួយរស់នៅជាមួយគ្នា🙂

  2. អត្ថបទនេះដកស្រង់ចេញពីCambodiaOnlineNews.com (CEN) ប៉ុណ្ណោះ​មិនមែនជាការយល់ឃើញរបស់ខ្ញុំទេ។អត្ថបទនេះគេនិយាយពីវប្បធម៌ពីបរុមបុរាណមក​ខ្ញុំមិនមានយោបល់ទេ។​អាចអានបន្ថែមត្រង់នេះ​ http://www.cambodiaonlinenews.com/

  3. លោក កេង វណ្ណ​ស័ក,​ និយាយអំពីប្រត្តិសាស្ត្រខ្មែរ និង វប្បធ៌មខ្មែរតាម RFA រាល់ថ្ងៃ,
    ខ្មុំស្តាប់ វិទ្យុហ្នឹងរាល់ថ្ងៃដែរហ្នឹងណា!…. ៈ)

  4. ជំនាងផ្ទះ​ម្នាងផ្ទះ​និង​ទេវរូប​ថែរក្សា​គេហដ្ឋាន​គឺមានន័យដូចគ្នា។​តែខ្ញុំបែជាឆ្ងល់​ម៉ែខ្ញុំប្រាប់ថាគាត់ធ្លាប់ឃើញជំនាងផ្ទះជាប្រុសទៅវិញ​មិនដឹងមិចទេចឹងអស់យោបល់។

  5. គួរអោយស្ដាយណាស់ ចេះតែឆ្ងល់ទៅណា ហេតុអ្វីទំនៀមទំលាប់មិនប្រកាន់យក
    ភេទទាំង២ដំណាងអោយមេ មេចក៏ចៃដន្យទៅលើតែភេទស្រ្តីវិញ មិនសុខចិត្តទេ ។

  6. កញ្ញាបើចង់ដឹងពីរឿងនេះសុំទៅរកមើលនិក្ខេបទថ្នាក់បណ្ឌិតរបស់សាស្ត្រាចារ្យ

    ” អាំង ជូលាន ” សរសរបញ្ចប់ថ្នាក់បណ្ឌិតនៅឆ្នាំ ១៩៧៥ (ប្រហែលព្រោះតាស៊ីក្លូ

    មិនចាំឆ្នាំច្បាស់ ” ។ គាត់បានសរសេរនិងពន្យល់យ៉ាងក្បោះក្បាយពីរឿងមួយនេះ

    នៅក្នុងជំពូកដ៏តូចមួយក្នុងនិក្ខេបទថ្នាក់បណ្ឌិតរបស់គាត់។

    តាស៊ីក្លូធ្លាប់បានអានម្តង ( អានពេលស្រវឹងទេ ) ពាក្យនេះគេអាចហៅបានច្រើន

    យ៉ាងដូចជា ជំនាងផ្ទះ ម្នាងផ្ទះ អ្នកម្នាងផ្ទះ ជំនាងផ្ទះ ចំនៀងផ្ទះ ….. ។ល។និង។ល។

    បើនិយាយទៅពាក្យនេះវាមានន័យទៅដល់ ” ជំទាវ ” ដែលជាគោរម្យងារខ្ពស់ ប៉ុន្តែ

    គេប្រើសំរាប់ហៅព្រលឹងមនុស្សស្រីដែលមានឋានះខ្ពង់ខ្ពស់។ ឧទាហរណ៏ ជំទាវកន្ទោង

    ខៀវ ជំទាវម៉ៅ ជំទាវទេព (ពាក្យសាមញ្ញគេស្គាលថា យាយម៉ៅ យាយទេព យាយ

    …….. ដែលសុទ្ធតែជាបង់បត់ )។ ជំទាវអស់ទាំងនោះពេលខ្លះមនុស្សយើងក៏រាប់អាន

    ស្មើនឹងព្រលឹងអ្នកថែរក្សាផ្ទះ ដែលគេហៅគ្រប់គ្នាថា ជំនាងផ្ទះ ម្នាងផ្ទះ ….. នោះឯង។

    ទៅរកមើលសៀវភៅនោះទៅនឹងដឹងបានច្រើនទៀតហើយ។ អូហ៏ភ្លេចប្រាប់ថាសៀវ

    ភៅនោះសរសេរជាភាសាបារាំងទេ អត់មានភាសាអង់គ្លេស នឹងខ្មែរយើងទេ ព្រោះវា

    ជានិក្ខេបទបញ្ចប់ថ្នាក់បណ្ឌិត មិនមែនជាអត្ថបទស្រាវជ្រាវទេ។

  7. ខ្ញុំបាទឃើញគេរៀបជំនាងផ្ទះបែបចិន ដែលមានតាកំប៉ោង និងលោកតាម្ចាស់ដីដាក់ជាមួយគ្នា។ខ្ញុំបាទសូមសួរថា
    តើខ្មែរយើង មានគ្រឿងរណ្តាប់អ្វីខ្លះដែលជាគ្រឿងជ័យភូមិ?ហើយត្រូវរៀបចំដូចម្តេចដែរ?សូមអរគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s